ប្រវត្តិ
ភាសា C បានបង្កើតឡើងដោយលោក ដេនីស រីឈី (Dennis Ritchie) នៅចន្លោះឆ្នាំ ១៩៦៩ និង ១៩៧៣ នៅបន្ទប់ពិសោធរបស់Bell Telephone នឹងមានសន្ទុះខ្លាំងនៅឆ្នាំ ១៩៧២ នេះបើតាមសំដីរបស់លោកដេនីស រីឈី។
ភាសា C ត្រូវបានបង្កើតដោយមានលក្ខណៈជិតស្និតនឹងការបង្កើតប្រព័ន្ធប្រតិបត្តិការ យូនិក (Unix) ដែលតំបូងឡើយប្រព័ន្ធប្រតិបត្តិការយូនិក (Unix)នេះបានបង្កើតដោយកូដបណ្ដុំ(assembly) ប៉ុណ្ណោះ សម្រាប់ដាក់ប្រតិបត្តិការម៉ាស៊ីន PDP-7 ហើយដែលក្រោយមកក៏ត្រូវបានប្រើប្រាស់ដើម្បីដាក់ប្រតិបត្តិការម៉ាស៊ីន PDP-11។ នៅឆ្នាំ ១៩៧៣ ភាសា C បានបន្ថែមនូវរចនាសម្ព័ន្ធ(struct type)និងត្រូវបានយកទៅប្រើប្រាស់សម្រាប់សរសេរ ស្នូលរបស់ប្រព័ន្ធប្រតិបត្តិការយូនិក (Unix Kenal) ហើយដែលបានក្លាយជាភាសាសរសេរកម្មវិធីព័ត៌មានវិទ្យាទីមួយដែល ត្រូវបានគេយកទៅប្រើប្រាស់សម្រាប់បង្កើតប្រព័ន្ធប្រតិបត្តិការ ជំនួសការសរសេរបែបកូដបណ្ដុំ (assembly)។
នៅឆ្នាំ ១៩៧៨ លោក ប្រ៊ីយ៉ាន ឃ័រនីញ៉ាន (Brian Kernighan) និង ដេនីស រីឆាត (Dennis Ritchie) បានបោះពុម្ពសៀវភៅ The C Programming Language លើកទីមួយ ដែលក្រោយមកបានគេហៅថា “K&R”។
នៅឆ្នាំ ១៩៨៣ វិទ្យាស្ថានបទដ្ឋានជាតិនៃសហរដ្ឋអាមេរិច American National Standards Institute (ANSI) បានបង្កើតបទដ្ឋានថ្មីសម្រាប់ភាសា C ហើយនៅឆ្នាំ ១៩៨៩ ក៏ត្រូវបានទទួលស្គាល់ជាបទដ្ឋាន ANSI X3.159-1989 “Programming Language C” ដែលត្រូវបានហៅជាទូទៅថា ANSI C ឫបទដ្ឋាន C, ឫ C89។
នៅឆ្នាំ១៩៩០ បទដ្ឋាន ANSI C ត្រូវបានទទួលស្គាល់ដោយសហព័ន្ធបទដ្ឋានអន្តរជាតិ ISO ហើយដែលត្រូវបានគេហៅថា “C89″ ឫ “C90″។
ក្រោយមកបទដ្ឋាន”C89″ ក៏ត្រូវបានកែប្រែនិងបញ្ចូលបន្ថែមលក្ខណៈថ្មី និងត្រូវបានទទួលស្គាល់ដោយប្រព័ន្ធបទដ្ឋានអន្តរជាតិ ISO (ISO/IEC 9899:1999)នៅឆ្នាំ ១៩៩៩ដែលត្រូវបានស្គាល់ថា C99 ។
No comments:
Post a Comment